Health

នាទីសុខភាពនិងអនាម័យ
 រមៀត គ្រឿង​ផ្សំ​ដ៏​មាន​មហិទ្ធិរិទ្ធ​ការពារ​ជំងឺ​មហារីក 

ដោយ អៀង សុខម៉ិញ
រមៀត​ ឬ​​មើ​ម​រមៀត មិន​ត្រឹម​តែ​ត្រូវ​អាច​យក​មក​​ប្រើ​ប្រាស់​សម្រាប់​បុក​ផ្សំធ្វើ​ជា​គ្រឿង​ ​សម្ល​ប្រហើរ ការី ឬ​ដើម្បី​យក​ពណ៌​ឱ្យ​ម្ហូប​ក្នុង​ចាន​ស្រស់​ស្អាត​ តែ​ក៏​ជា​គ្រឿង​ផ្សំ​មួយ​​ប្រើក្នុង​​ឱសថ​បូរាណ​សម្រាប់​ព្យាបាល​ជំងឺ​ ផ្សេងៗ​ដែរ ! ​ពេល​នេះ​គេ​ស្គាល់ និង​កាន់​តែ​យល់​ច្បាស់​គុណ​ប្រយោជន៍​ដ៏​សន្ធឹក​សន្ធាប់​របស់​រមៀត​ កាន់​ច្បាស់ ! អ្នក​វិទ្យាសាស្ត្រ និង​វេជ្ជសាស្ត្រ​បាន​រក​ឃើញ និង​ទទួល​ស្គាល់​ថា​ រមៀត​ មាន​គុណ​ប្រយោជន៍​រាប់​មិន​អស់​ សំរាប់​ការពារ​សុខភាព​ និង​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ជា​ច្រើន រាប់​ទាំង​ជំងឺ​មហារីក​ដ៏​កាច​សាហាវ​ផង។
មើម​រមៀតស្រស់
មើម​រមៀតស្រស់

ដោយ​មិន​និយាយ​រៀបរាប់​អំពី​ការ​ប្រើប្រាស់​មើម​រមៀត ស្លឹក​រមៀត ក្នុង​ការ​ផ្សំ​ធ្វើ​ម្ហូប​ ដើម្បី​បំបាត់​ក្លិន​ ដើម្បី​បាន​ពណ៌ ក្នុង​អាហារ​របស់​បណ្តា​ជន​រាប់​លាន​នាក់​នៅ​អាស៊ី មើម​រមៀត ត្រូវបានក្រុម​គ្រូពេទ្យ​ថ្នាំ​បូរាណ​ឥណ្ឌា​ ចិន ចាម​ ខ្មែរ ស្គាល់​និង​យក​មក​ប្រើ​ធ្វើ​ជា​ឱសថ​ តាំង​ពី​រាប់​ពាន់​ឆ្នាំ​មុន​មក​ម្ល៉េះ។ បើ​នៅ​ប្រទេស​ឥណ្ឌា​វិញ មើម​រមៀម ម្សៅ​រមៀត​ត្រូវ​បាន​យក​មក​ប្រើប្រាស់​ស្ទើរក្នុង​គ្រប់​មុខ​ម្ហូប​​ ៖ បើ​ជា​សម្លការី​ផង គ្មាន​រមៀត គឺ​មិន​ហៅ​ថា​ការី​ឡើយ …

មាន​រសជាតិ​ពិសេស​ អ្នក​ចេះ​អ្នក​ចូល​ចិត្ត​ញ៉ាំ​ថាឆ្ងាញ់ អ្នក​មិន​ចូល​ចិត្ត ប៉ះមិន​បាន​ ដាក់​ច្រើន​ពេក​ក្នុង​ម្ហូប​ក៏​មិន​ឆ្ងាញ់ ដាក់​តិច​ជ្រុល​​មិន​សូវ​បាន​ប្រយោជន៍​ មិន​បាន​ក្លិនគ្មាន​​បាន​ពណ៌ រមៀត​មាន​គុណ​ប្រយោជន៍​ខ្លាំង​ចំពោះ​សុខភាព ក៏​ព្រោះ​តែ​រមៀត​មាន​ផ្ទុក​សារធាតុ​សកម្ម​ Curcumine។ សារធាតុ ​Curcumine​ ដែល​មាន​តួនាទី​និង​សកម្មភាព​ប្រកប​ដោយ​អត្ថប្រយោជន៍​ដូច​ខាងក្រោម​នេះ ៖

រមៀត​មាន​សកម្មភាព​ជួយ​​ថើម​ក្នុង​ការ​បញ្ចេញ​ជាតិ​ពុល។ សារធាតុ​ Curcumine​ ជួយ​សម្រួល​ដល់​ការ​បញ្ចេញ​វត្ថុ​រាវ​សំរាប់​ចិញ្ចឹម​សរីរាង្គកាយ​ផង ការ​បញ្ចេញ​ទឹក​ប្រម៉ាត់​ផង។ ក្រពះ​នឿយ​ហត់ ពិបាក​រំលាយ​ចំណី​អាហារ ជាពិសេស​ខ្លាញ់ ? ចូរ​គិត​ដល់​​រមៀត ព្រោះ​ថា ​សារធាតុ​ Curcumine​​ ត្រូ​វ​បាន​គេ​ចាត់​ទុក​ជា​ភ្នាក់ងារ​ការពារ​ប្រព័ន្ធ​រំលាយ​អាហារ យ៉ាង​ពេញ​លេញ​​។ គ្រូពេទ្យ​ឯកទេស​ចំណីអាហារ​បាន​ណែ​នាំ​ឱ្យ​ប្រើ​រមៀត​ ជា​គ្រឿង​ផ្សំ​នៅ​ក្នុង​ម្ហូប​អាហារ​ណា​ដែល​មាន​ខ្លាញ់​ច្រើន ​សាច់ខ្លាញ់​ ឬ​ខ្ទិះ​ដូង​ ។ល។ ឬ​ ត្រូវ​ជ្រើ​សរើ​សម្អូប​​មាន​ដាក់​រមៀត​ ក្រោយ​ពីបាន​បរិភោគ​អាហារ​បុណ្យ​ច្រើន​​ពី​ល្ងាច​។ ធ្វើ​ដូច្នេះ​លោក​អ្នក​នាង​នឹង​អាច​បញ្ចៀស​គ្រោះ​មាន​ជំងឺ​ចាក់​ច្រាល​ (​ក្រ​រលាយអាហារ)បាន។ វត្តមាន​របស់​រមៀត ជា​គ្រឿង​ផ្សំ​របស់​សម្ល​ការី ​ទំនង​មិន​មែន​ជា​ការ​ចៃដន្យ​ទេ ! ការ​ប្រើ​រមៀត​២៥%​ នៅក្នុង​គ្រឿង​ការី គឺ​ពិត​ជា​ដើម្បី​ទប់​ឥទ្ធិពល​របស់​ខ្លាញ់​ ខ្ទិះ និង​ម្ទេស ដែល​បី​មុខ​នេះ​សោះ​បូក​បញ្ជូល​គ្នា​អាច​នឹង​ធ្វើក្រពះ​ទ្រាំ​មិន​បាន​។



រមៀត​ជា​អង់ទីអ៊ីតដង់ដ៏​ប្រពៃ ! ជា​ឬស​ជា​មើម​ រមៀត​មាន​សមត្ថភាព​ទៅកម្ចាត់​ពពួក​កោសិកាសេរី​ ដែល​នៅ​ដាច់​ឯកា​ពី​គេ​អាច និង​ដែលអាច​ភ្ជាប់​ទៅ​ជាមួយ​កោសិកា​ដទៃ​ទៀត​ដោយ​អានាថា តែ​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​សុខភាព​ទៅ​ថ្ងៃ​ក្រោយ។ និយាយ​បែប​ផ្សេង​ស្រួលយល់ ៖ ​ជាមួយ​នឹង​ការ​បរិភោគ​រមៀត ​សារធាតុ​ Curcumine​ នឹង​ទៅ​​បញ្ចេញ​សកម្មភាព​ជា​អ្នក​ការពារ​ព័ទ្ធ​​កោសិកា​មិន​ឱ្យ​ច្រេះ​ស៊ី ​មិន​ឱ្យ​កោសិកា​ឆាប់​ចាស់​មុន​អាយុ។ ហេតុដូច្នេះ​ហើយ​បាន​ជា​ចាស់​បូរាណ​ខ្មែរ​ ឱ្យលាប​រមៀត ដើម្បី​រក្សា​ស្បែក​នៅ​ក្មេង​ខ្ចី​ល្អ។ បើ​និយាយ​ដល់​សមត្ថភាព​អង់ទីអុកស៊ីតដង់​នេះ គេ​ត្រូវ​នឹង​ឃើញ​ភ្លាម​ដល់​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​មហារីក។

ពេល​នេះ​គ្រប់​គ្នា​បាន​ទទួល​ស្គាល់​​អំពី​ប្រសិទ្ធិភាព​របស់​រមៀត​ប្រឆាំង​ ទប់ទល់​នឹង​ជំងឺ​មហារីក។ សមត្ថភាព​នេះ​នឹង​ឡើង​ដល់​កំរិត​កាន់​ខ្ពស់​ប្រសិន​បើ​គេ​ប្រើប្រាស់​រមៀត​​ បូក​ផ្សំ​ជាមួយ​នឹង​ប្រេង​Olive ជាមួយ​នឹង​ម្រេច​ខ្មៅ ឬ​ជាមួយ​នឹង​ខ្ញី -ផ្លែ​ម្នាស់។ ការ​សិក្សា​ជា​ច្រើន​កំពុង​តែ​ផ្តោ​ត​លើ​សមត្ថភាព​រមៀត​ជា​ថ្នាំ​ ការពារប្រឆាំង​ជំងឺ​មហារីក។ រមៀត​ទំនង​ជា​អាច​មាន​ឥទ្ធិពល​បី​ដំណាក់កាល​ ៖ ទី​មួយ​ គឺ​កាត់​បន្ថយ​សកម្មភាព​បំផ្លែង​ខ្លួន​របស់​សារធាតុ​ខ្លះ​ កាត់​បន្ថយ​ការ​ឆាប់​ស្លាប់​របស់​កោសិកា​ដែល​ចាស់ៗមុន​អាយុ​ ដោយ​ឥទ្ធិពល​ខាង​ក្រៅ និង​ចុង​ក្រោយ​ រមៀត​ទំនង​ជា​មាន​សកម្មភាព​ទៅ​ទប់​ស្កាត់​សរសៃ​ឈាម​តូចៗ​​មិន​ឱ្យ​មាន​កំណក​ ដុំ​​ពក​បាន។​ នៅ​ប្រទេស​ចិន អាជ្ញាធរ​សុខាភិបាល បានចេញ​អនុសាសន៍​ជា​ផ្លូវការ​ឱ្យ​បុគ្គល​មាន​ហានិភ័យ​កើត​ជំងឺ​មហារីក​បំពង់ ​​អាហារ ​ប្រើ​មើម​​រមៀត​ជា​ប្រចាំ។ សមត្ថភាព​ការពារ​​របស់​រមៀត​ កំពុង​សំឡឹង​ដល់​មហារីក​មាត់​​ធ្មេញ​បំពង់ក និង​ពោះវៀន។

នៅ​ប្រទេស​ឥណ្ឌា​គុណ​ប្រយោជន៍​របស់​រមៀត​​ប្រឆាំង​នឹង​ជំងឺ​មហារីក ត្រូវ​បាន​ទទួល​ស្គាល់​ជាទូទៅ ! ហើយ​បើ​យោង​តាម​ទិន្ន័យ​នៃ​ការ​សិក្សា​អំពី​រោគ​រាតត្បាត​ គេ​សង្កេត​ឃើញ​ថា​ប្រេវ៉ាឡង់​​នៃ​ជំងឺ​មហារីក​ជាច្រើន ដូច​ជា​មហារីក ពោះវៀន សុដន់ ពង​ស្វាស​ និង​សួត នៅ​តាមបណ្តា​ប្រទេស​អាស៊ី ដែល​បរិភោគ​រមៀត​ច្រើន មាន​កំរិត​ទាប​ជាង​ បណ្តា​ប្រទេស​នៅ​បស្ចឹម​លោក ដែល​មិន​ស្គាល់​រមៀត​នេះ​។​ ដូច្នេះ​ដំបូន្មាន​របស់​ចាស់​បូរាណ​ខ្មែរ​ ឱ្យ​ប្រើ​រមៀត​ដើម្បី​រក្សា​ស្បែក សាច់​ស្អាត ពិត​ជា​មិន​ខុស​ ឬ​មិន​មែន​ជា​គំនិត​ស្រមើស្រមៃ ជឿតៗ​គ្នា​ឥត​ប្រយោជន៍​ឡើយ។ ព្រោះ​បើ​វិភាគ​តាម​បែប​វេជ្ជសាស្ត្រ វិទ្យាសាស្ត្រ​ រមៀត​មាន​ផ្ទុក​សារធាតុ​អង់ទីអ៊ុកស៊ីដង់​ ជួយ​កោសិកា​មិន​ឱ្យ​ឆាប់​ចាស់ គឺ​ពិត​ណាស់​ដែល​ថា​លាប​រមៀត​ដើម្បី​ជួយ​ស្បែក​ ឱ្យ​បាត់​ស្នាម​សម្លាក ឱ្យ​នៅក្មេង​ខ្ចី។ ​លទ្ធផល​បាន​បង្ហាញ​ដោយ​ជាក់​ស្តែង​​ចំពោះ​អ្នក​ដែល​មានជំនឿ​លើ​ឱកាស​បូរាណ និងអ្នក​ចូល​ចិត្ត​ប្រើប្រាស់​ថ្នាំ​ធម្មជាតិ។

ទាំង​ថោក​ ទាំង​ស្រួល​ដាំ​ដុះ រមៀត​មាន​គុណប្រយោជន៍​រាប់​មិន​អស់។ អ្នក​វិទ្យាសាស្ត្រ​បានរ​ក​ឃើញ​បន្ថែម​ទៀត ថារមៀត​នេះ​មាន​សកម្ម​ភាព​ប្រឆាំង​នឹង​ការ​រលាក។ រលាក​ដែល​មាន​កើត​មាន​ជា​ពិសេស​នៅ​តាម​ ​សន្លាក់​ដៃ​សន្លាក់​ជើង និង​ឆ្អឹង​ឆ្អែង។ លើស​ពី​នេះ​ទៅទៀត ការ​បរិភោគ​ជា​ប្រចាំ​ម្សៅ រមៀត អាច​ជួយ​សម្រួល​ចរន្ត​ឈាម និង​បេះដូង ការពារប្រឆាំង​ទប់​នឹង​ជំងឺ​ស្ទះ​សរសៃ​ឈាម​បេះដូង ព្រោះ​រមៀត​​មាន​សមត្ថភាព​ទៅ​ទប់​ ទៅ​ឃាត់​មិន​ខ្លាញ់​អាច​កក​នៅ​លើ​ផ្ទៃ​នៃ​សរសៃ​ឈាម​ក្រហម​បាន។

យើង​បាន​និយាយ​ច្រើន​អំពី​គុណប្រយោជន៍​នៃ​រមៀត ប៉ុន្តែ​សួរ​ថា​តើ​ត្រូវ​បរិភោគ​យ៉ាង​ដូចម្តេច ? និង​ក្នុង​បរិមាណ​ប៉ុណ្ណា ?! នៅ​ប្រទេស​ឥណ្ឌា គេ​បរិភោគ​ឬស​ ឬ​មើម​រមៀត​ក្រៀម​ ពី​២ ទៅ​៤​ ក្រាម​ក្នុង​មួយ​ថ្ងៃ។ ឬស​-មើម​នេះ​ទៅ ទៅ​ចម្រាញ់​ នោះ​គេ​នឹង​ទាញ​បាន​សារធាតុ Curcumine ដ៏​មាន​ប្រយោជន៍​ប្រមាណ​ពី ១ ទៅ​៥% យ៉ាងច្រើន​បំផុត។ ដើម្បី​បាន​ប្រយោជន៍​ពី​រមៀត​ទៅ​ការពារ​សុខភាព គេ​ត្រូវ​ទទួល​ទាន​សារធាតុ Curcumine ពី ២០០ ទៅ ៤០០​មីល្លីក្រាម​ក្នុងមួយថ្ងៃ។ សូម​កុំ​ច្រលំ​សារធាតុ​​Curcumine ទៅ​នឹង​ម្សៅ​-រមៀត។ គុណភាព​រមៀត​មិន​ដូចគ្នាទេ ! ជាទូទៅ​ ក្នុង​មើម​រមៀត​ពី ២០ ទៅ​១០០​មីល្លីក្រាម​ អាច​ផ្តល់​​សារធាតុ​ Curcumine បាន​មួយ​មីល្លីក្រាម។

No comments:

Post a Comment